ដំណោះស្រាយអាកាសធាតុប្រកបដោយបរិយាប័ន្ន​ និងអាចជាមូលធនសម្រាប់សហគមន៍ក្នុងប្រទេសកម្ពុជា

ការសហការបង្កើតរួមគ្នានូវដំណោះស្រាយជួយសម្របខ្លួនទៅនឹងអាកាសធាតុដែលប្រកបដោយបរិយាប័ន្ន និងអាចចាត់ទុកជាមូលធនបានតាមរយៈវិធីសាស្រ្តដោះស្រាយបញ្ហាបែបពហុភាគី។

កម្មវិធី​ “ភូមិត្រៀមខ្លួនសម្រាប់បម្រែបម្រួលអាកាសធាតុ” គាំទ្រវិធីសាស្រ្តដែលជំរុញដោយសហគមន៍ក្នុងការបង្កើតដំណោះស្រាយសម្របខ្លួនទៅនឹងអាកាសធាតុ។ ដំណើរការនេះចាប់ផ្តើមជាមួយសហគមន៍នៅទីជនបទ និងក្រុមគោលដៅដែលយើងធ្វើការជាមួយក្នុងការកំណត់បញ្ហាប្រឈមអាកាសធាតុដែលប៉ះពាល់ដល់អាយុជីវិត និងជីវភាពរស់នៅរបស់ពួកគាត់ បន្ទាប់មកនាំយកដៃគូសហការដែលសាកសមដើម្បីជួយឆ្លើយតបទៅនឹងបញ្ហាអាទិភាពទាំងនោះ តាមរយៈដំណើរការមួយដែលបានការចូលរួមពីសហគមន៍យ៉ាងពិតលេញ។

តាមរយៈការដោះស្រាយបញ្ហាបែបពហុភាគី (MAL) ដោយផ្អែកលើវិធីសាស្រ្ត Living Labs កម្មវិធីនេះនឹងធ្វើការរចនាជាមួយគ្នា សាកល្បង និងគាំទ្រដំណោះស្រាយប្រកបដោយបរិយាប័ន្ន​ដែលអាចចាត់ទុកជាមូលធន​សម្រាប់សហគមន៍ទទួលយកទៅប្រើប្រាស់ ភ្នាក់ងារហិរញ្ញវត្ថុអាចគាំទ្រ​ និងដៃគូអភិវឌ្ឍន៍អាចជួយពង្រីកបន្តបន្ថែម។

 

កម្មវិធី «ភូមិត្រៀមខ្លួនសម្រាប់បម្រែបម្រួលអាកាសធាតុ» គឺជាផ្នែកមួយនៃគម្រោងប្រចាំតំបន់ «ហិរញ្ញប្បទានអាកាសធាតុប្រកបដោយបរិយាប័ន្នសម្រាប់សហគមន៍ងាយរងគ្រោះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» (ICCAP)។

អំពីភូមិត្រៀមខ្លួនសម្រាប់បម្រែបម្រួលអាកាសធាតុ

ប្រទេសកម្ពុជាងាយរងគ្រោះខ្លាំងជាមួយនឹងហានិភ័យអាកាសធាតុ ដែលមានផលប៉ះពាល់ផ្ទាល់ដល់ជីវភាពប្រជាជនរស់នៅតាមទីជនបទ កសិកម្ម សន្តិសុខស្បៀង ការទទួលបានទឹកប្រើប្រាស់ និងប្រាក់ចំណូលគ្រួសារ។ ដើម្បីដោះស្រាយបញ្ហានេះ កម្មវិធី​ “ភូមិត្រៀមខ្លួនសម្រាប់បម្រែបម្រួលអាកាសធាតុ” ដែលជាផ្នែកមួយនៃគម្រោងហិរញ្ញប្បទានអាកាសធាតុប្រកបដោយបរិយាបន្នសម្រាប់សហគមន៍ងាយរងគ្រោះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក​ (ICCAP) បានអនុវត្តដោយអង្គការអ៊ីមផេកហាប់ភ្នំពេញនៅកម្ពុជា សហការជាមួយវិទ្យាស្ថាន​ បរិស្ថានស្តុកហូម (SEI) ផ្តោតលើការបង្កើតវិធីសាស្រ្តដោះស្រាយបញ្ហាបែបពហុភាគីនៅកម្រិតសហគមន៍។

 

តាមរយៈការអនុវត្តសកម្មភាពគម្រោងដែលផ្តោតលើបរិយាប័ន្ន​​​ និងមានការចូលរួមយ៉ាងសកម្មពីសហគមន៍​​ កម្មវិធីនេះធ្វើការជាមួយ សហគមន៍សាកល្បងមួយដែលនឹងត្រូវបានជ្រើសរើសដើម្បីស្វែងរក និងកំណត់រួមគ្នាជាធ្លុងទៅលើគ្រោះថ្នាក់ពីអាកាសធាតុ និងផលប៉ះពាល់ដែលសហគមន៍ប្រឈម តម្រូវការចមុ្បងដែលគួរទទួលបានអាទិភាព​ និងវិធីសាស្រ្តដែលអាចជួយផ្តល់​ដំណោះស្រាយនោះ ទៅបាន។

 

សមាជិកសហគមន៍ និងក្រុមគោលដៅដែលយើងធ្វើការជាមួយ គឺជាបុគ្គលសំខាន់ក្នុងដំណើរនេះ​​​ ស្របពេលដែលក្រុមអ្នក បង្កើតដំណោះស្រាយ អ្នកផ្តល់ហិរញ្ញវត្ថុ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍផ្សេងទៀតចូលរួមចំណែកក្នុងការរចនា ផ្តល់ហិរញ្ញប្បទាន និងធ្វើការអនុវត្តរយៈពេលវែងលើដំណោះស្រាយសម្របខ្លួនទៅនឹងអាកាសធាតុនោះឲ្យមានប្រសិទ្ធភាព។

យុទ្ធសាស្រ្តរបស់កម្មវិធី

ដំណាក់កាលទី 1៖ ការជ្រើសរើស និងរៀបចំតំបន់គោលដៅ ឆ្នាំ ២០២៦

កម្មវិធី​ “ភូមិត្រៀមខ្លួនសម្រាប់បម្រែបម្រួលអាកាសធាតុ” បច្ចុប្បន្នកំពុងកំណត់យកសហគមន៍​សាកល្បងដែលសមស្របបំផុតសម្រាប់កម្មវិធីដោយផ្អែកលើភាពងាយរងគ្រោះពីអាកាសធាតុ ផលប៉ះពាល់ដល់ជីវភាពរស់នៅ ការរើសអើងផ្នែកសេដ្ឋកិច្ច-សង្គម លទ្ធភាពក្នុងការប្រកបការងារ ការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងឆន្ទៈក្នុងការចូលរួមរបស់សហគមន៍។

ដំណាក់កាលទី 2៖ ការវាយតម្លៃភាពងាយរងគ្រោះ និងតម្រូវការអាកាសធាតុ ឆ្នាំ ២០២៦

កម្មវិធីនេះនឹងធ្វើការស្ទង់មតិរបស់គ្រួសារនីមួយដែលចូលរួម ការពិភាក្សាជាក្រុម ការសម្ភាសន៍ផ្ទាល់ជាមួយសមាជិកសហគមន៍ និងការពិគ្រោះយោបល់ ដើម្បីស្វែងយល់អំពីហានិភ័យអាកាសធាតុ យុទ្ធសាស្ត្រទប់ទល់ សមត្ថភាពក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ និងចំនុចដែលចាត់ទុកជាអាទិភាពរបស់សហគមន៍។

ដំណាក់កាលទី 3៖ ការកំណត់បញ្ហារួមគ្នាជាមួយសហគមន៍ និងការសម្ភោធកម្មវិធី ឆ្នាំ ២០២៦–២០២៧

សហគមន៍ និងដៃគូពាក់ព័ន្ធសំខាន់ៗនឹងផ្ទៀងផ្ទាត់លទ្ធផលដែលបានរកឃើញពីការចុះទៅវិភាគ ធ្វើការផ្តល់អាទិភាពលើបញ្ហាប្រឈម ក្នុងការសម្របខ្លួនទៅនឹងអាកាសធាតុរួមគ្នាមួយ និងសម្ភោធជាផ្លូវការនូវកម្មវិធីភូមិត្រៀមខ្លួនសម្រាប់បម្រែបម្រួលអាកាសធាតុ។

ដំណាក់កាលទី 4៖ ការរចនារួមគ្នា និងការធ្វើតេស្តសាកល្បង ឆ្នាំ ២០២៦–២០២៧

សមាជិកសហគមន៍ដែលចូលរួម ក្រុមអ្នកបង្កើតដំណោះស្រាយ អ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ និងដៃគូពាក់ព័ន្ធផ្សេងទៀតនឹងធ្វើការរចនារួមគ្នា និងសាកល្បងដំណោះស្រាយសម្របខ្លួននៅក្នុងបរិបទជាក់ស្តែងជាមួយនឹងសហគមន៍ដែលចូលរួម។

ដំណាក់កាលទី 5៖ ការបូកបញ្ចូល ការពង្រីក និងការសិក្សារៀនសូត្រ ឆ្នាំ ២០២៨–២០២៩

កម្មវិធីនេះនឹងស្វែងយល់ពីវិធីសាស្រ្តសម្រាប់ហិរញ្ញប្បទាន គាំទ្រដល់ការរួមបញ្ចូលនូវដំណោះស្រាយនេះឲ្យកាន់តែទូលំទូលាយ កត់ត្រាចំណុចដែលបានរៀនសូត្រពីដំំំណើរនេះ និងជូនជាចំណេះដឹងដើម្បីអនុវត្តតាម ឬជម្រុញគោលនយោបាយនាពេលអនាគត។

ដៃគូដែលយើងសង្ឃឹមចងសហការជាមួយ

ខណៈពេលដែលកម្មវិធី​ “ភូមិត្រៀមខ្លួនសម្រាប់បម្រែបម្រួលអាកាសធាតុ”​ កំពុងចាប់ផ្តើមអនុវត្តសកម្មភាព​​​ យើងក៏នឹងចាប់ផ្តើមប្រស្រ័យទាក់ទងជាជាបណ្តើរៗជាមួយនឹងដៃគូពាក់ព័ន្ធទាំងអស់ដែលអាចចូលរួមជាចំណែកចំណេះដឹង ដំណោះស្រាយជាក់ស្តែង ហិរញ្ញវត្ថុ ជំនាញបច្ចេកទេស និងការគាំទ្ររយៈពេលវែងដើម្បីជម្រុញដល់ការរួមបញ្ចូលនូវដំណោះស្រាយសម្របខ្លួនទៅនឹងអាកាសធាតុប្រកបដោយបរិយាប័ន្ននេះ។

យើងសង្ឃឹមថានឹងភ្ជាប់ទំនាក់ទំនងជាមួយ៖

សហគមន៍ និងក្រុមគោលដៅដែលយើងធ្វើការជាមួយរួមមាន

តំណាងឱ្យស្ត្រី ជនពិការ ជនជាតិដើមភាគតិច កសិករខ្នាតតូច និងក្រុមដែលងាយរងគ្រោះផ្សេងទៀតនៅក្នុងខេត្តសាកល្បងដែលបានជ្រើសរើស (ខេត្តបាត់ដំបង)។

អ្នកបង្កើតដំណោះស្រាយបៃតង

ដែលមានជាផលិតផល បច្ចេកវិទ្យា សេវាកម្ម ឬគំរូអាជីវកម្មជាក់ស្តែងមួយ​ទាក់ទងនឹងការសម្របខ្លួនទៅនឹងអាកាសធាតុ កសិកម្ម ផ្កត់ផ្គង់ទឹក ថាមពលកកើតឡើងវិញ ជីវភាពរស់នៅរបស់ប្រជាជន ឬភាពធន់ ហើយមានចំណាប់អារម្មណ៍ក្នុងការសាកល្បង ឬពង្រឹងដំណោះស្រាយរបស់ពួកគេនៅក្នុងសហគមន៍ជនបទនោះ​​ និងបម្រើតម្រូវការរបស់សហគមន៍ដែលមិនសូវទទួលបានការគាំទ្រ។

អ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ

ដូចជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ធនាគារ សហករណ៍ ក្រុមហ៊ុនធានារ៉ាប់រង អ្នកវិនិយោគ និងដៃគូផ្សេងទៀតដែលមានចំណាប់អារម្មណ៍ក្នុងការផ្តល់ហិរញ្ញប្បទានបៃតងប្រកបដោយបរិយាប័ន្ន ឬហិរញ្ញប្បទានដើម្បីសម្របខ្លួន។

អាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធក្នុងវិស័យសាធារណៈ

ដែលមានចំណាប់អារម្មណ៍គាំទ្រក្នុងការជួយសម្របសម្រួលការចូលរួមនៅកម្រិតភូមិ ឃុំ ស្រុក ការរៀនសូត្រគោលនយោបាយ និងការអនុម័តនាពេលអនាគត។

អ្នកស្រាវជ្រាវ និងអ្នកជំនាញបច្ចេកទេស

ផ្នែកអាកាសធាតុ កសិកម្ម ទឹក ហិរញ្ញវត្ថុ យេនឌ័រ ការរួមបញ្ចូលពិការភាព ជនជាតិដើមភាគតិច និងបរិយាប័ន្នសង្គម។

សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍

ដែលមានបទពិសោធន៍ក្នុងការសហការជាមួយសហគមន៍ ភាពធន់នឹងអាកាសធាតុ ជីវភាពរស់នៅ ការរួមបញ្ចូលហិរញ្ញវត្ថុ និងការអភិវឌ្ឍដោយផ្អែកលើសិទ្ធិរបស់សហគមន៍។

សំណួរដែលទទួលបានញឹកញាប់

វិធីសាស្ត្រដោះស្រាយបញ្ហាបែបពហុភាគី ឬ Multi-Stakeholder Action Lab (MAL) គឺជាដំណើរការសហការបង្កើតដំណោះ- ស្រាយរួមគ្នាដែលផ្អែកលើវិធីសាស្ត្រ Living Labs។ តាមរយៈដំណើរការនេះ សហគមន៍ និងដៃគូពាក់ព័ន្ធនឹងធ្វើការរួមគ្នា ដើម្បីស្វែង​ យល់​​ពីបញ្ហា បង្កើតដំណោះស្រាយដែលមានសក្តានុពលមួយ សាកល្បងដំណោះស្រាយនោះ និងរៀនសូត្រពីលទ្ធផលដែលទទួលបាន។


សម្រាប់កម្មវិធី “ភូមិត្រៀមខ្លួនសម្រាប់បម្រែបម្រួលអាកាសធាតុ” MAL នឹងចាប់ផ្តើមពីស្ថានភាពពិត និងតម្រូវការជាក់ស្តែងរបស់សហគមន៍។ វាមិនមែនជាការពិគ្រោះយោបល់តែមួយលើក ឬជាការនាំយកដំណោះស្រាយដែលបានរៀបចំរួចមកដាក់ប្រើក្នុងភូមិណាមួយនោះទេ។ វាជាដំណើរការរយៈពេលច្រើនឆ្នាំមួយ​ដែលចាប់ផ្តើមពីការស្វែងយល់ពីតម្រូវការជាក់ស្តែង ការផ្តល់អាទិភាពលើបញ្ហា ការបង្កើតដំណោះស្រាយរួមគ្នា ការសាកល្បង ការទទួលយកមកប្រើប្រាស់ និងការរៀនសូត្រពីការសាកល្បងនោះ។

សហគមន៍ដៃគូនឹងត្រូវបានជ្រើសរើសតាមរយៈដំណើរការជ្រើសរើសតំបន់គោលដៅ។ កម្មវិធីនឹងពិចារណាលើកត្តាសំខាន់ៗដូចជា ភាពងាយរងគ្រោះពីអាកាសធាតុ ផលប៉ះពាល់លើជីវភាពរស់នៅ ស្ថានភាពសេដ្ឋកិច្ច-សង្គម លទ្ធភាពអនុវត្តការងារ ការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងឆន្ទៈរបស់សហគមន៍ក្នុងការចូលរួម។

 

បន្ទាប់ពីសហគមន៍ដៃគូត្រូវបានជ្រើសរើស កម្មវិធីនឹងធ្វើការវាយតម្លៃភាពងាយរងគ្រោះ និងតម្រូវការផ្នែកអាកាសធាតុ តាមរយៈការស្ទង់មតិពីសមាជិកគ្រួសារ ការសម្ភាសន៍ផ្ទាល់ ការពិភាក្សាជាក្រុម និងការពិគ្រោះយោបល់មួយទាល់នឹងមួយ។ សមាជិកសហគមន៍ និងក្រុមគោលដៅដែលយើងធ្វើការជាមួយនឹងមិនត្រឹមតែផ្តល់ព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែនឹងចូលរួមយ៉ាង​​​ សកម្ម​ក្នុងការផ្ទៀងផ្ទាត់​លទ្ធផលដែលបានរកឃើញ និងកំណត់រួមគ្នានូវបញ្ហាសម្របខ្លួនទៅនឹងអាកាសធាតុដែលកម្មវិធីនឹងជួយគាំទ្រ។

 

ដូច្នេះ បញ្ហាប្រឈមដែលនឹងទទួលបានអាទិភាពនឹងត្រូវបានកំណត់តាមរយៈការចូលរួមរបស់សហគមន៍ និងផ្ទៀងផ្ទាត់ជាមួយដៃគូពាក់ព័ន្ធ។ សមាជិកសហគមន៍នឹងទទួលបានការគាំទ្រនៅគ្រប់ជំហាន ដើម្បីធានាឱ្យបាននូវការចូលរួមប្រកបដោយទំនួលខុសត្រូវ បរិយាប័ន្ន និងមានអត្ថន័យ។

ក្នុងគម្រោង ICCAP ពាក្យថា “អាចចាត់ទុកជាមូលធនបាន” សំដៅលើការដែល​ដំណោះស្រាយសម្របខ្លួនទៅនឹងអាកាសធាតុមួយអាចត្រូវបានទុកជាមូលធនហិរញ្ញប្បទានដោយស្ថាប័ន​​​ស្ថាប័នហិរញ្ញវត្ថុ។ តម្លៃនេះអាចជាតម្លៃជារូបិយវត្ថុ ឬមិនមែនជារូបិយវត្ថុ។ ក្នុងករណីខ្លះ វាអាចយកមកប្រើជាប្រាក់ចំណូលផ្ទាល់ ឬការសន្សាំ។ ក្នុងករណីផ្សេងទៀត វាអាចមានរូបភាពជាការជៀសវាងការខាតបង់ ការកាត់បន្ថយភាពងាយរងគ្រោះ ការពង្រឹងភាពរឹងមាំ ប្រយោជន៍សាធារណៈ ឬគុណតម្លៃសង្គម និងបរិស្ថានទាំងមូល។


ដំណោះស្រាយសម្របខ្លួនទៅនឹងអាកាសធាតុដែលអាចចាត់ទុកជាមូលធនបាន​​​ គួរតែឆ្លើយតបទៅនឹងតម្រូវការពិតរបស់សហគមន៍ ពង្រឹងសមត្ថភាពសម្របខ្លួនរបស់សហកមន៍នោះ អាចយកមកប្រើបានដោយងាយស្រួល មានបរិយាប័ន្នផ្នែកសង្គម និងអាចបង្ហាញគុណតម្លៃដែលអាចទាក់ទាញតួអង្គហិរញ្ញវត្ថុ ឬដៃគូឱ្យចូលរួមសាកល្បង ពង្រឹងកែលម្អ និងគាំទ្រដល់ដំណោះស្រាយនោះ។ ដំណោះស្រាយនោះមិនចាំបាច់ល្អឥតខ្ចោះតាំងពីដំបូងនោះទេ ប៉ុន្តែគួរតែមានភាពពេញលេញដើម្បីអាចយកទៅកែលម្អបន្ថែម សាកល្បង ផ្ទៀងផ្ទាត់ដើម្បីឈានទៅដល់ដំណាក់កាលមួយដែលសហគមន៍អាចយកទៅប្រើបាន និងអាចទទួលហិរញ្ញប្បទានបាន។

ដំណោះស្រាយបៃតងដែលអាចចូលរួមមានដូចជា៖​ បច្ចេកវិទ្យា សេវាកម្ម គំរូអាជីវកម្ម កញ្ចប់ហិរញ្ញវត្ថុ វិធានការដែលផ្អែក លើប្រព័ន្ធអេកូឡូស៊ី ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ឬការរៀបចំស្ថាប័នដែលជួយសហគមន៍ជនបទសម្របខ្លួនទៅនឹងហានិភ័យអាកាសធាតុ និងពង្រឹងភាពធន់។ ដំណោះស្រាយទាំងនេះអាចទាក់ទងទៅនឹងកសិកម្មដែលធន់នឹងអាកាសធាតុ ការគ្រប់គ្រងទឹក ប្រព័ន្ធស្រោចស្រព ថាមពលកកើតឡើងវិញ ភាពរឹងមាំនៃជីវភាពរស់នៅ ការគ្រប់គ្រង និងស្តុកទុកទន្និផលក្រោយប្រមូលផល ព័ត៌មានអាកាសធាតុ ការត្រៀមខ្លួនចំពោះគ្រោះមហន្តរាយ ការស្តារឡើងវិញ ឬតម្រូវការសម្របខ្លួនជាក់ស្តែងផ្សេងទៀត។ គោលដៅចុងក្រោយនឹងអាស្រ័យលើបញ្ហាសម្របខ្លួនទៅនឹងអាកាសធាតុ ដែលនឹងត្រូវបានកំណត់រួមគ្នាជាមួយសហគមន៍ដៃគូ។

ដំណោះស្រាយរបស់អ្នកគួរតែមានការវិវត្តន៍បានគ្រប់គ្រាន់ ដើម្បីអាចយកទៅសាកល្បង កែសម្រួល ឬពង្រឹងតាមរយៈ​វិធីសាស្ត្រ ដោះស្រាយបញ្ហាបែបពហុភាគី។ វាអាចជាផលិតផលដែលមានស្រាប់ សេវាកម្ម ឬគំរូដែលធ្លាប់បានសាកល្បង ហើយមានភស្តុតាង ខ្លះៗអំពីការប្រើប្រាស់ ឬសក្តានុពលរបស់វា។​​ ដំណោះស្រាយនោះមិនចាំបាច់ជាដំណោះស្រាយចុងក្រោយដែលរួចរាល់ពេញលេញទេ។ អ្នកផ្គត់ផ្គង់ដំណោះស្រាយបៃតងគួរតែបើកចិត្តក្នុងការកែសម្រួលដំណោះស្រាយរបស់ខ្លួន ដោយផ្អែកលើមតិយោបល់របស់សមាជិកសហគមន៍ ភាពសមរម្យនៃតម្លៃ ភាពងាយស្រួលក្នុងការប្រើប្រាស់ និងការសាកល្បងនៅក្នុងបរិបទជាក់ស្តែងក្នុងរយៈពេលយូរ។

អ្នកផ្គត់ផ្គង់ដំណោះស្រាយបៃតងដែលត្រូវបានជ្រើសរើស អាចទទួលបានការគាំទ្រដើម្បីកែសម្រួល ពង្រឹង និងសាកល្បងតេស្តដំណោះស្រាយសម្របខ្លួនទៅនឹងអាកាសធាតុរបស់ពួកគេជាមួយសហគមន៍ដៃគូក្នុងបរិបទជាក់ស្តែងមួយ។ ការចូលរួមនេះអាចជួយឱ្យផ្គត់ផ្គង់ដំណោះស្រាយស្វែងយល់ថាតើដំណោះស្រាយរបស់ខ្លួនមានដំណើរការយ៉ាងដូចម្តេចនៅក្នុងការអនុវត្តពិតជាមួយអ្នកប្រើប្រាស់ ប្រមូលមតិយោបល់ផ្ទាល់ពីសមាជិកសហគមន៍ និងកែលម្អដំណោះស្រាយឱ្យសមស្របនឹងតម្រូវការជាក់ស្តែង ភាពសមរម្យនៃតម្លៃ ភាពងាយស្រួលក្នុងការប្រើប្រាស់ និងស្ថានភាពនៅពេលអនុវត្ត។

 

អ្នកផ្គត់ផ្គង់ដំណោះស្រាយបៃតងដែលត្រូវបានជ្រើសរើសក៏អាចទទួលបានការណែនាំផ្នែកបច្ចេកទេស ការគាំទ្រផ្នែកអភិវឌ្ឍអាជីវកម្ម និងឱកាសក្នុងការចូលរួមជាមួយដៃគូពាក់ព័ន្ធដូចជា អាជ្ញាធរមូលដ្ឋាន អ្នកជំនាញ អ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ និងតួអង្គវិស័យឯកជន ឬអភិវឌ្ឍន៍ផ្សេងទៀត។ តាមរយៈដំណើរនៃការបង្កើត និងសាកល្បងរួមគ្នា អ្នកផ្គត់ផ្គង់ដំណោះស្រាយ​នឹងអាចចូលរួមចែករំលែក
ចំណេះដឹងបច្ចេកទេសរបស់ខ្លួន ព្រមទាំងរៀនពីរបៀបដែលដំណោះស្រាយរបស់ខ្លួនអាចឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការអាទិភាពក្នុងការសម្របខ្លួនទៅនឹងអាកាសធាតុរបស់សហគមន៍។

 

អ្នកផ្គត់ផ្គង់ដំណោះស្រាយដែលត្រូវបានជ្រើសរើសគួរតែត្រៀមខ្លួនចូលរួមសិក្ខាសាលាដើម្បីទទួលស្តាប់មតិយោបល់របស់សហគមន៍ កែសម្រួលដំណោះស្រាយនៅពេលចាំបាច់ គាំទ្រការសាកល្បង និងចែករំលែកព័ត៌មានបច្ចេកទេស និងព័ត៌មានអាជីវកម្មដែលពាក់ព័ន្ធ។

កម្មវិធី “ភូមិត្រៀមខ្លួនសម្រាប់បម្រែបម្រួលអាកាសធាតុ” កំពុងអនុវត្តដំណើរការជ្រើសរើសតំបន់គោលដៅ។ បន្ទាប់ពីសហគមន៍ដៃគូ​​​​ត្រូវបានចូលរួម កម្មវិធីនឹងធ្វើការវាយតម្លៃលើភាពងាយរងគ្រោះ និងតម្រូវការផ្នែកអាកាសធាតុ ដើម្បីកំណត់បញ្ហាប្រឈមសំខាន់ៗផ្នែកសម្រប​ខ្លួនទៅនឹងអាកាសធាតុ។ នៅពេលបញ្ហាអាទិភាពកាន់តែមានភាពច្បាស់លាស់ កម្មវិធីនឹងប្រកាសឱ្យដាក់ពាក្យចូលរួមសម្រាប់អ្នកផ្គត់ផ្គង់ដំណោះស្រាយបៃតងដែលមានដំណោះស្រាយអាចឆ្លើយតបទៅនឹងបញ្ហាអាទិភាពនោះ។

 

ស្របពេលជាមួយគ្នានេះ អ្នកអ្នកផ្គត់ផ្គង់ដំណោះស្រាយដែលពាក់ព័ន្ធអាចទាក់ទងមកក្រុមការងារកម្មវិធីបាន និងចែករំលែកបន្ថែមពី ដំណោះស្រាយរបស់ខ្លួន ហើយកត្តាដែលអាចជួយសហគមន៍ងាយរងគ្រោះដែលកំពុងប្រឈមហានិភ័យអាកាសធាតុ។

អ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ នឹងជួយស្វែងរកវិធីដែលអាចធ្វើឱ្យដំណោះស្រាយសម្របខ្លួនទៅនឹងអាកាសធាតុមានតម្លៃសមរម្យ និងសហគមន៍អាចចូលប្រើប្រាស់បាន។ តួនាទីរបស់ពួកគេអាចរួមមាន ការចែករំលែកលក្ខខណ្ឌដើម្បីជម្រុញការទទួលបានហិរញ្ញប្បទាន ការវាយតម្លៃសក្តានុពលរបស់ដំណោះស្រាយ ការជួយរៀបចំកញ្ចប់ហិរញ្ញវត្ថុដែលសមស្រប និងការគាំទ្រការទទួលយក និងការពង្រីក។​​​​​​ ការចូលរួមរបស់អ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ ជួយធានាថាដំណោះស្រាយមិនត្រឹមតែឆ្លើយតបនឹងតម្រូវការពិតប៉ុណ្ណោះទេ ប៉ុន្តែក៏មានសមត្ថភាពក្នុងការទទួលយកហិរញ្ញវត្ថុ និងបន្តពង្រីកតទៅមុខបានផងដែរ។

អាជ្ញាធរមូលដ្ឋាន និងអ្នករៀបចំគោលនយោបាយ នឹងជួយផ្សាភ្ជាប់ដំណើរការរបស់គម្រោងជាមួយការរៀបចំផែនការថ្នាក់មូលដ្ឋាន ការសម្របសម្រួល និងការរៀនសូត្រផ្នែកគោលនយោបាយ។ តួនាទីរបស់ពួកគេអាចរួមមាន ការគាំទ្រការចូលរួមនៅកម្រិតមូលដ្ឋាន ការចែករំលែកចំណុចអាទិភាពរបស់រាជរដ្ឋាភិបាល ការចូលរួមក្នុងការពិភាក្សាដើម្បីផ្ទៀងផ្ទាត់បញ្ហា និងការជួយធានាថាដំណោះស្រាយ​ ដែលត្រូវបានសាកល្បងនឹងមានភាពសមស្របជាមួយប្រព័ន្ធមូលដ្ឋាន និងការទទួលយកមកប្រើប្រាស់នៅពេលអនាគត។ ការចូលរួម​ របស់ពួកគេជួយឱ្យកម្មវិធីបង្កើតជាចំណេះដឹងដែលអាចជួយបំភ្លឺដល់ការងារទាក់ទងនឹងការសម្របខ្លួនទៅនឹងអាកាសធាតុ និងហិរញ្ញប្បទានប្រកបដោយបរិយាប័ន្ន លើសពីសហគមន៍ដៃគូតែមួយ។

គម្រោងនេះមិនសន្មតថាដំណោះស្រាយសម្របខ្លួននៅមូលដ្ឋានទាំងអស់អាច ឬគួរតែទទួលបានហិរញ្ញប្បទានតាមរយៈ វិធីពាណិជ្ជកម្ម នោះទេ។ ដំណោះស្រាយជាច្រើននឹងនៅតែត្រូវការការគាំទ្រពីវិស័យសាធារណៈ ឬមូលនិធិជំនួយ។ ទោះជាយ៉ាងណា គម្រោងនឹងបើកចំហចំពោះកិច្ចសហការជាមួយអ្នកផ្តល់មូលនិធិឯកជន អង្គការសប្បុរសធម៌ អ្នកវិនិយោគលើផលវិជ្ជមាន ក្រុមហ៊ុនធានារ៉ាប់រង ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្សេងៗ ដែលអាចជួយកាត់បន្ថយហានិភ័យ សាកល្បង ប្រមូលផ្តុំ និងពង្រីកដំណោះស្រាយសម្របខ្លួនដែលមានសក្តានុពល។​ តួនាទីរបស់ពួកគេគឺជាតួនាទីជំរុញ ដោយជួយបម្លែងការអនុវត្តសម្របខ្លួន ដែលកើតចេញពីបរិបទជាក់ស្តែងនេះដើម្បីជម្រុញការទទួលបានហិរញ្ញប្បទាន ប្រសិនបើសមស្រប ខណៈពេលធានាថាសហគម​ន៍ ងាយរងគ្រោះមិនត្រូវប្រឈមនឹងការចំណាយដែលមិនអាចទទួលយកបាន ឬហានិភ័យខ្ពស់ពេក។

ទំនាក់ទំនងមកយើងខ្ញុំ

សម្រាប់សំណួរជាចម្ងល់ ឬកិច្ចសហការដែលអាចកើតមាន សូមទាក់ទង៖

លោក​​ ថាង ជើម៉េង អ្នកគ្រប់គ្រងកម្មវិធី តាមរយៈ chermeng.thang@impacthub.net | Telegram: (+855) 69 676 650

Chermeng - Headshot

ដៃគូសហការរបស់យើង

កម្មវិធី​ “ភូមិត្រៀមខ្លួនសម្រាប់បម្រែបម្រួលអាកាសធាតុ” គឺជាផ្នែកមួយនៃគម្រោងហិរញ្ញប្បទានអាកាសធាតុប្រកបដោយបរិយាបន្ន
សម្រាប់សហគមន៍ងាយរងគ្រោះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (ICCAP) ដែលទទួលបានមូលនិធិពី International Climate Initiative (IKI) របស់រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់។ នៅក្នុងរដ្ឋាភិបាលសហព័ន្ធ មូលនិធិ​ IKI ត្រូវបានចងភ្ជាប់ទៅនឹងក្រសួង សហព័ន្ធសម្រាប់បរិស្ថាន សកម្មភាពអាកាសធាតុ ការអភិរក្សធម្មជាតិ និងសុវត្ថិភាពនុយក្លេអ៊ែរ (BMUKN)។

នៅកម្ពុជា អង្គការអ៊ីមផេកហាប់ភ្នំពេញធ្វើការអនុវត្តវិធីសាស្រ្តដោះស្រាយបញ្ហាបែបពហុភាគី ដោយសហការជាមួយនឹង វិទ្យាស្ថានបរិស្ថានស្តុកហូម (SEI)។

Impact in your inbox!

Sign up for our monthly Hub Date (newsletter): inspiration from our community, news about upcoming programs & events, and more!

Connect with us

Drop us a note and we’ll arrange a call to answer any questions you may have.

Space inquiry

Impact in your inbox!

Sign up for our free global membership perks, incredible opportunities and monthly inspiring updates!